Wednesday, March 1, 2017

បទសូត្រលើកទង់ព្រះពុទ្ធសាសនា

. សូមមើលទង់ជ័យ    ឆព្វណ្ណរង្សី    ដែលមានរស្មីភ្លឺស្រស់ល្អ
​    ខៀវលឿងក្រហម     ​ព្រមទាំងពណ៌ស  ហង្សបាទនឹងពណ៌ដ៍ភ្លឺផ្លេកៗ
. ប្រទេសតូចធំ          បានស្ម័គ្រស្វាគមន៏      ជំនុំគ្នាច្រើនអនេក
     ព្រមយករស្មី           ព្រះពុទ្ធគួរត្រេក             ប្រសើរពន់ពេកក្រៃកន្លង
. ធ្វើជាសញ្ញា            ទង់ជ័យសាសនា         នៃសម្ពុទ្ធធំចម្បង
    ចូរយើងរាល់គ្នា        យកចិត្តចាំចង             នឹកដល់ព្រះអង្គជាអម្ចាស់
. ទោះជាតិផ្សេងគ្នា     ក៍ត្រូវដឹងថា                 សុទ្ធសឹងតែជាពុទ្ធសាសន៍
    ត្រូវមានសាមគ្គី        ទាំងក្មេងទាំងចាស់     ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា
. សូមសាសនាពុទ្ធ     ថ្កុំថ្កើងខ្ពស់ផុត             រុងរឿងវិសុទ្ធថ្លៃថ្លា
    ហើយមានជ័យជោគ ផ្សាយពេញលោកាដោយជនជ្រះថ្លាច្រើនសែនលាន
. មានចិត្តស្នេហា       គោរពបូជា                  ចំពោះព្រះធម៌ដ៍កល្យាណ
   ទាំងមនុស្សទេវតា  ស្នេហាគ្រប់ប្រាណ         ប្រាថ្នាចង់បានសេចក្តីសុខ។
. យើងខេមរជាតិ        នាំគ្នាខ្មីឃ្មាត               កាន់ធម៌និងបានផុតទុក្ខ
     រួបរួមសាមគ្គី           ពីនេះទៅមុខ    យើងនឹងបានសុខក្សេមក្សាន្តត្រាន។
. ព្រមព្រៀងប្រព្រឹត្ត    កាន់ធម៌សុចរិត             ឆ្ពោះទៅកាន់ឋាននិព្វាន
    ជាទីផុតទុក្ខ     បានសុខក្សេមក្សាន្ត​      ជាតិយើងនឹងបានសោយសុខា។

(បទនិពន្ធរបស់សម្តេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត..​២៤៩៥​  ..១៩៥០)

No comments:

Post a Comment